ដ្ឋមន្ត្រីក្រសួងអប់រំ ឲ្យដឹងនៅថ្ងៃរសៀលថ្ងៃសុក្រនេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លើកទី២ នឹងធ្វើឡើងពីថ្ងៃទី១៣ ខែតុលាខាងមុខនេះ។
រដ្ឋមន្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុន ប្រាប់VODឲ្យដឹងថា ក្រោយកិច្ចប្រជុំ និងការបញ្ចប់កំណែវិញ្ញាសានៅល្ងាចថ្ងៃទី១៥ ខែសីហានេះ ក្រសួង បានសម្រេចកំណត់ រៀបចំការប្រឡងលើកទី២នៅ ថ្ងៃទី១៣ ខែតុលានេះ ដោយមានបញ្ចូលនូវវគ្គបំប៉នរយៈពេលខ្លីឥតគិតថ្លៃ ដល់សិស្សដែលប្រឡងធ្លាក់ មិនជាប់មធ្យមភាគ ទៅតាមមុខវិជ្ជានីមួយៗ។
លោកបន្តថា ការប្រឡងលើកទី២នេះ ក្រសួង នឹងផ្តល់សិទ្ធិប្រឡងចំពោះសិស្ស ដែលមិនទទួលបានមធ្យមភាគជាប់តាមការកំណត់របស់ក្រសួងប៉ុណ្ណោះ ចំណែកសិស្ស ដែលអវត្តមាន អ្នកដែលគេប្រឡងជំនួស និងអ្នកបានប្រព្រឹត្តមិនសមរម្យលើអ្នកឃ្លាំមើល គឺមិនត្រូវបានអនុញ្ញាត ឲ្យចូលរួមប្រឡងជាលើកទី២ឡើយ។
លោក អះអាងដែរថា ការអនុញ្ញាតឲ្យមានការប្រឡងលើកទី២នេះ គឺដើម្បីលើកទឹកចិត្តចំពោះសិស្សានុសិស្សដែលមិនចម្លងពេលប្រឡង ស្របតាមកំណែទម្រង់ថ្មីនៃប្រព័ន្ធអប់រំ ដែលលោក បានរៀបចំឡើង ដោយរំពឹងថា សិស្សានុសិស្ស នឹងបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់លើការសិក្សាបន្ថែមទៀត។
លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា បើទោះបីជាកំណែវិញ្ញាសា បានបញ្ចប់ តែសំណៅទាំងនោះ មិនត្រូវបានបញ្ចូលជាទិន្នន័យ ដើម្បីកំណត់ពីចំនួននៃអ្នកធ្លាក់នៅឡើយទេ ហេតុដូចនេះ លោកបដិសេធបង្ហាញជាផ្លូវការចំពោះភាគរយនៃអ្នកដែលប្រឡងធ្លាក់ និងអ្នកប្រឡងជាប់។
យ៉ាងណាក៏ដោយ បើតាមការឲ្យដឹងពី លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំលទ្ធផលកំណែវិញ្ញាសាប្រឡងសញ្ញាបត្រ ទុតិយភូមិគិតមកទល់ព្រឹកថ្ងៃសុក្រនេះ គឺមានសិស្សប្រមាណ៣០ភាគរយប៉ុណ្ណោះ ដែលមានពិន្ទុជាប់ក្នុងមធ្យមភាគ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងសរុបចំនួនន៩៣៤៥៦នាក់ និងមណ្ឌលប្រឡងចំនួន១៥៤មណ្ឌល ដែលចែកចេញជា៣៧៧៩បន្ទប់ នៅទូទាំងរាជធានី-ខេត្ត។
ការប្រកាសលទ្ធផលនៃការប្រឡង នឹងត្រូវធ្វើឡើងនៅតាមមណ្ឌលប្រឡងនីមួយៗនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ សម្រាប់មណ្ឌលនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣០ខែសីហា នៅមណ្ឌលប្រឡងតាមបណ្តាខេត្ត៕
from VOD
bat
ReplyDelete