Sunday, March 30, 2014

ពិធីបុណ្យចូលឆ្នាំខ្មែរ (Khmer new year)

      មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខ្មែរ​យើង ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​ រហូត​មក ។
         ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ ៖ ​ពេល​មុន​ចូល​ឆ្នាំ ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​, សំអាត​ផ្ទះ​សម្បែង, រែក​ទឹក​ដាក់​ពាង, រក​អុស​ទុក, និង ​កាត់​សំលៀក​បំពាក់​ថ្មីៗ ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ សំរាប់​ទទួល​ទេវតា​ថ្មី​មាន ៖ បាយ​សី​ ១គូ, ស្លា​ធម៌​ ១​គូ, ធូប​​ ៥, ទៀន ​៥, ទឹកអប់ ​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​ ១ ​ផ្តិល និង​ ភេសជ្ជៈ, នំនែក, ផ្លែ​ឈើ​គ្រប់​មុខ ​។ ចំណែក​​ផ្ទះ​​សម្បែង ​គេ​តុបតែង​រំលេច​ដោយ​អំពូល ​អគ្គិសនី​ ខ្សែ​តូចៗ ​ចម្រុះ​​ពណ៌ ឬ​ចង្កៀង​គោម គ្រប់​ពណ៌​ សំរាប់​ទទួល​ទេព្តា​ថ្មី​ ។ លុះ​ដល់​វេលា​កំណត់​ ទេព្តាថ្មី​យាង​មក គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​ សុំ​សេចក្តី​សុខ​ចម្រើន ​គ្រប់​ប្រការ ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង ​ក្រយា​ស្ងើយ ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តម្រូវ​​តាម​ចិត្ត​ទេវតា​ដែល​នឹង​​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ ​។ ឧទាហរណ៍ ៖ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ ថ្វាយ ។ រី​ឯ​ពិធី ៣ ​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖
  • ថ្ងៃទី ១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា ។
  • ថ្ងៃទី ២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​​ ប្អូន ដែល​បាន​ស្លាប់​ទៅ ។
  • ថ្ងៃទី ៣ ៖ ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច ​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង ​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។ អ្នក​​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម ។


សូមជូនពរ និងរីករាយឆ្នាំថ្មី ២០១៤ សូមអរគុណ!

ឈ្មោះទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ

ថ្ងៃ ទេពធីតាមហាសសង្ក្រាន្ត! គ្រឿងអាភរណៈ
ថ្ងៃអាទិត្យ ទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (ផ្លែ​ល្វា), អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, ពាហនៈគ្រុឌ
ថ្ងៃច័ន្ទ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
ថ្ងៃអង្គារ គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា
ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
ថ្ងៃសៅរ៏ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក

No comments:

Post a Comment